បញ្ហា​ពលករ​ចំណាកស្រុក​នៅ​តែ​គ្មាន​ដំណោះស្រាយ


Siv channa01_0

ពលករ​ខ្មែរ​នៅតែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ គ្រប់​ទិសទី​ដើម្បី​រក​កាងារធ្វើ នៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​សុវត្ថិភាព។  អ្នកខ្លះ​ទទួល​រង​ការរំលោភ​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​ អ្នកខ្លះ​ត្រូវ​គេ​ជួញដូរ​យក​ទៅ​ធ្វើ​ជា​ទាសករ​លើ​ទូក​នេសាទ ​និង​អ្នកខ្លះ​ទៀត​ត្រូវ​អាជ្ញាធរ​ប្រទេស​ដទៃ​ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ ​គ្រាន់ ​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​ពលករ​ខ្មែរ​ជាង​២០​នាក់​ត្រូវ​បាន​ប្រទស​ជិតខាង​បញ្ជូន​ត្រឡប់​មក​វិញ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​គេ។ ​ពលករ​ខ្មែរ​ជាច្រើន​ទៀត​នៅ​បន្ត​រងទុក្ខ ឯ​ក្រៅ​ប្រទេស​មិន​ទាន់​ដោះស្រាយ​ចេញ។

អាជ្ញាធរ​ថៃ​បាន​បញ្ជូន​អ្នកទោស​ខ្មែរ​១៤​នាក់​ត្រឡប់​មក​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​បាន​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ។ អ្នកទោស​ខ្មែរ​ទាំង​១៤​នាក់​នោះ​ត្រូវ​បាន​តុលាការ​ថៃ​ផ្តន្ទាទោស​ឲ្យ​ជាប់​ ពន្ធនាគារ ចាប់ពី​៣​ឆ្នាំ រហូតដល់​៧​ឆ្នាំ​ពីបទ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ចូល​កាប់ឈើ ​បទ​លួច​ប្លន់ និង​បទ​ចោទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។​ ប៉ុន្តែ ​ពេល​នេះ​ ពួកគេ​បាន​រួច​ទោស​វិញ ហើយ​ទើប​ត្រូវ​គេ​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ។ នៅ​មាន​ពលករ​ខ្មែរ​ជាច្រើន​ទៀត​ដែល​កំពុង​ជាប់​ទោស​នៅ​ក្នុង​ប្រទេស​ថៃ។

កាលពី​ថ្ងៃ​សុក្រ ​ពលករ​ខ្មែរ​៨​នាក់​ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ឡាវ​ដោះលែង​ឲ្យ​វិល​ ត្រឡប់​មក​ទឹកដី​កម្ពុជា​វិញ​ដែរ បន្ទាប់ពី​អាជ្ញាធរ​ឡាវ​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល ​១ខែ​ពី​បទ​ឆ្លងដែន​ខុស​ច្បាប់​ទៅ​កាប់ឈើ​ក្នុង​ទឹកដី​គេ។ ​នៅ​សល់​អ្នកភូមិ​ខ្មែរ​២០​នាក់​ទៀត​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ឡាវ ​នៅ​ឡើយ។ ​ក្រសួង​ការបរទេស​កម្ពុជា​ក៏​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ ដើម្បី​នាំ​ពលករ​ខ្មែរ​មួយ​ក្រុម​ទៀត​ដែល​ត្រូវ​គេ​ជួញដូរ​ទៅ​ធ្វើ​កម្មករ​ នេសាទ​ក្នុង​ដែន​សមុទ្រ​ថៃ​ ហើយ​រសាត់​អណ្តែត​ចូល​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​នោះ​ឲ្យ​ត្រឡប់​មក​វិញ​ផង​ ដែរ។ មាន​កម្មករ​ខ្មែរ​ដែល​ធ្វើ​ជា​ទាសករ​លើ​ទូក​នេសាទ​ថៃ​ជាង​៦០​នាក់​ហើយ​ដែល​ ត្រូវ​អាជ្ញាធរ​ប្រទេស​ជិត​ខាង​ចាប់​បាន និង​បញ្ជូន​មក​កម្ពុជា​វិញ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ ទើប​តែ​បាន​បង្ហាញ​របាយការណ៍​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បញ្ជាក់​ថា​ ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១១​នេះ​សមាគម​នេះ​បាន​ទទួល​ពាក្យ​បណ្ដឹង​ស្តីពី ​ករណី​ជួញដូរ​មនុស្ស​ចំនួន​ ៩៨ ​ករណី​ក្នុង​នោះ​មាន​ ៧៨​ករណី​ទាក់​ទង​នឹង​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី ​១៥​ ករណី​នៅ​ប្រទេស​ថៃ ​៤​ករណី​នៅ​ឥណ្ឌូនេស៊ី​ និង១​ករណី​ទៀត​នៅ​កោះ​តៃវ៉ាន់។​ សមាគម​អាដហុក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ចំណាក​ ស្រុក​របស់​ពលករ​ខ្មែរ​ជា​បន្ទាន់។

កាលពី​ពេល​ថ្មីៗ​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​នាំ​ស្រ្តី​ខ្មែរ​ទៅ​ ធ្វើការ​បម្រើ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មួយ​រយៈ​ដោយសារ​តែ​មាន​ សេចក្តី​រាយការណ៍​អំពី​ការរំលោភ​បំពាន។ ​មក​ទល់​នឹង​ពេល​នេះ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ មួយ​ជាមួយ​ម៉ាឡេស៊ី​ដើម្បី​បើក​ឲ្យ​មាន​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ម៉ាឡេស៊ី​ ជាថ្មី។​ បញ្ហា​ទាំង​នេះ​បង្ហាញ​ថា ​បញ្ហា​ចំណាក​ស្រុក​របស់​ពលករ​ខ្មែរ​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ច្បាស់ ​លាស់​នៅ​ឡើយ៕

 

ដកស្រង់ចេញពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ

Powered by Khmer Global Communication www.khmerserver.net